ព័ត៌មានថ្មីៗ

6/recent/ticker-posts

នួន កុម្ភៈ៖ កត្តាជីវភាព មិនមែនជាបញ្ហារារាំង ក្នុងការចូលរួមបំពេញការងារសហគមន៍

នួន កុម្ភៈ វ័យ២៣ឆ្នាំ ជាស្រ្តីមួយរូប ដែលបានចូលរួមធ្វើការងារសហគមន៍ នៅសហគមន៍នេសាទត្រពាំងរពៅ។ សព្វថ្ងៃ គាត់មានតួនាទីជាគណៈកម្មការសហគមន៍នេសាទត្រពាំងរពៅ ស្ថិតនៅភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។ គាត់បាន ចូលរួមជាគណៈកម្មការសហគមន៍ អស់រយៈពេល១ឆ្នាំ តាមរយៈការបោះឆ្នោតជ្រើសរើសពីសមាជិកសហគមន៍។ ការងារសហគមន៍ ជាការងារស្ម័គ្រចិត្ត និងគ្មានប្រាក់បៀវត្សប្រចាំខែនោះទេ។
កុម្ភៈ បានលើកឡើងថា គាត់សប្បាយចិត្តនឹងបំពេញការងារសហគមន៍ ព្រោះថាតាមរយៈការងារនេះ គាត់បានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងកិច្ចអភិវឌ្ឍន៍សហគមន៍របស់គាត់។ តាមរយៈការងារសហគមន៍នេះ គាត់បន្តពង្រឹងចំណេះដឹងខ្លួនឯងបន្ថែម តាមរយៈការចូលរួមនៅក្នុងវគ្គសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលពង្រឹង សមត្ថភាពនានា ដែលគាំទ្រដោយរដ្ឋបាលជលផល និងអង្គការសង្គមស៊ីវិលនានា។ ក្នុងតួនាទីជាគណៈកម្មការសហគមន៍ កុម្ភៈ ទទួលបន្ទុកផ្នែកអប់រំផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងទៅដល់សមាជិកសហគមន៍ផ្សេងទៀត ដូចជាការតស៊ូមតិ សុវត្ថិភាពកាន់កាប់ដីធ្លី និងធនធានធម្មជាតិនៅតំបន់ឆ្នេរ រួមទាំងចំណេះដឹងផ្នែកយេនឌ័រជាដើម។ មិនត្រឹមតែប៉ុណ្ណោះ កុម្ភៈ បានចែករំលែកនូវចំណេះដឹងដែលទទួលបាន ទៅដល់សមាជិកសហគមន៍ផ្សេងទៀត អំពីការថែរក្សា និងអភិរក្សធនធានជីវចម្រុះនៅក្នុងដែននេសាទ។
បន្ថែមលើនេះទៅ កុម្ភៈ ក៏បានចូលរួមជាមួយគណៈកម្មការសហគមន៍ចំនួន៨ នាក់ ផ្សេងទៀត ក្នុងការចុះល្បាតដើម្បីទប់ស្កាត់បទល្មើសនេសាទក្នុងដែនសហគមន៍។ ទន្ទឹមនឹងផលវិជ្ជមានដែលទទួលបាន កុម្ភៈ ក៏ជួបប្រទះនឹងបញ្ហាប្រឈម មួយចំនួនដែរ ជាពិសេសគឺកត្តាជីវភាព។
យ៉ាងណាមិញ គាត់យល់ឃើញថា វត្តមានស្រ្តី ពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមសកម្មភាពអភិវឌ្ឍន៍សង្គម ពីព្រោះស្រ្តីក៏អាចបំពេញការងារបានដូចជាបុរសដែរ ព្រោះថា «ស្រ្តីជាមាតាពិភពលោក»។ នៅថ្ងៃអនាគត កុម្ភៈ រំពឹងទុកថា គាត់អាចក្លាយជាស្រ្តីគំរូមួយរូប នៅក្នុងសហគមន៍។ កុម្ភៈ ចង់ឱ្យសង្គម ផ្តល់ឱកាស និងលើកទឹកចិត្តស្រ្តីឱ្យចូលរួមកាន់តែច្រើន ដើម្បីចូលរួមចំណែក ក្នុងកិច្ចអភិវឌ្ឍន៍សង្គម៕

Post a Comment

0 Comments