ស្ទើរតែពាក់កណ្ដាលនៃប្រជាពលរដ្ឋនៅក្នុងខេត្តកែប កំពុងអាស្រ័យផលនឹងធនធានជីវចម្រុះនៅក្នុងសមុទ្រ ពោលគឺប្រជាពលរដ្ឋ នៅក្នុងសហគមន៍នេសាទមួយចំនួន អាចទៅរកធនធានជីវចម្រុះ នៅក្នុងដែនសហគមន៍ ដោយគ្រាន់តែចំណាយពេលត្រឹមតែ ២ ទៅ ៣ ម៉ោង នៅក្នុងមួយព្រឹក។
ផលនេសាទពីសមុទ្រដែលពួកគាត់អាចរកបាន រួមមាន៖ ត្រី បង្គារ ងាវ ក្តាមជ័រ ក្តាមថ្ម ខ្ចងចាក់ច្រែង ជាដើម។ ប្រជាសហគមន៍ភាគច្រើន ចាប់យករបរនេសាទដើម្បីរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ មិនតែប៉ុណ្ណោះផលសមុទ្រនោះក៏ជាម្ហូបប្រចាំថ្ងៃរបស់គាត់ដែរ។
សហគមន៍នេសាទក្នុងខេត្តកែប មានចំនួន៥ សហគមន៍ ដូចជា សហគមន៍នេសាទអង្គោល កែប ភូមិថ្មី កំពង់ត្រឡាច និងអូរក្រសារ។ សហគមន៍នេសាទនីមួយៗ មានលក្ខណៈពិសេសផ្សេងៗគ្នាទៅតាមភូមិសាស្រ្តនៃសហគមន៍។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ទាំងនោះ ទទួលបានផលប្រយោជន៍ពីធនធានជីវចម្រុះនៅក្នុងសមុទ្រ ប្រហាក់ប្រហែលគ្នា។
ជាក់ស្តែង សម្រាប់សហគមន៍នេសាទអូរក្រសារ ដែលស្ថិតនៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប យុវជនសហគមន៍ អាចរកធនធានជីវចម្រុះនៅដែនសហគមន៍របស់ពួកគាត់បាន ដូចជា ក្តាមថ្មយក្ស ហើយជាទូទៅ ក្តាមថ្មយក្ស មួយតម្លៃប្រមាណ ៨ ម៉ឺន ទៅ១០ ម៉ឺនរៀល ក្នុងមួយគីឡូ។
តាមរយៈធនធានជីវចម្រុះដ៏សម្បូរបែបនេះ យុវជនសហគមន៍ អាចរកប្រាក់បានដោយខ្លួនឯង ហើយយកមកផ្គត់ផ្គង់ការសិក្សាររបស់ខ្លួន។ ធនធានជីវចម្រុះនៅក្នុងសមុទ្រពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្ត ជាប់ឆ្នេរសមុទ្រ មួយនេះ ដូច្នេះ ប្រជាពលរដ្ឋគ្រប់រូប ត្រូវរួមគ្នាចូលរួមថែរក្សា និងអភិរក្សនូវធនធាន ទាំងនោះ ឱ្យបានគង់វង្ស ដើម្បីជាប្រយោជន៍សម្រាប់ប្រជានេសាទជំនាន់ក្រោយ៕

0 Comments