ព័ត៌មានថ្មីៗ

6/recent/ticker-posts

បទល្មើសនេសាទ នៅតែជាក្តីបារម្ភរបស់សហគមន៍ព្រែកត្នោត

សព្វថ្ងៃបទល្មើសនេសាទនៅតែបន្តកើតឡើងនៅក្នុងដែនសហគមន៍នេសាទព្រែកត្នោត។ បទល្មើសនេសាទទាំងនោះរួមមាន៖ ទូកលបកន្ទុយកណ្តុរធំៗ ឈឹបឆក់ ទូកអូស ដែលប្រើប្រាស់ឧបករណ៍ទំនើបៗ ដែលមកពីខាងក្រៅសហគមន៍។ បទល្មើសនេសាទទាំងនោះ បានធ្វើឱ្យធនធានជីវៈចម្រុះជាច្រើនទទួលរងនៅការបំផ្លិចបំផ្លាញ ការបាត់បង់ និងជិតផុតពូជ ដោយសារតែ ទូកនេសាទធំៗដែលបំពាក់ដោយឧបករណ៍ទំនើប និងខុសច្បាប់ បានទាញយក ជីវៈចម្រុះជាច្រើនប្រភេទ ទាំងតូច ទាំងធំ ទៅជាមួយ ជាពិសេស ផ្កាថ្ម ស្មៅសមុទ្រ ដែលជាជម្រកធនធានជីវៈចម្រុះជាច្រើនដែលនៅក្នុងសមុទ្រ។ បទល្មើសនេសាទក៏ជាមូលហេតុ ធ្វើឱ្យជីវភាពប្រជានេសាទប្រឈមនឹងការលំបាក ដោយសារតែប្រាក់ ចំណូល ធ្លាក់ចុះ ជាពិសេស ប្រជានេសាទធនតូច ឬ ថ្មើរជើង។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ធ្វើឱ្យ កុមារបាត់បង់ការសិក្សា និងអាចឈានដល់ការធ្វើចំណាកស្រុក។
ទោះបីជាសហគមន៍ តែងមានការចុះល្បាតទប់ស្កាត់បទល្មើសជាច្រើនដង ក្នុងមួយខែៗ ក៏បទល្មើសនេសាទនៅតែកើតមាននៅក្នុងដែនសហគមន៍។ ម៉្យាងវិញទៀត ចំណេះដឹង និងការចូលរួម របស់គណៈកម្មការ សមាជិករបស់សហគមន៍នៅមានកម្រិត វាក៏ជាមូលហេតុ ដែលនាំឱ្យបទល្មើសនៅតែបន្តកើតឡើងក្នុងដែនសហគមន៍នេសាទ។ មិនត្រឹមតែប៉ុណ្ណោះ នាពលកន្លង សហគមន៍ ធ្លាប់ទទួលរងការ គំរាមកំហែង ពីសំណាក់អ្នកប្រព្រឹត្តិបទល្មើសទៅវិញ។ ដើម្បីដោះស្រាយបទល្មើសនេសាទឱ្យកាន់តែមានប្រសិទ្ធិភាព ទាល់តែមានការសហការគ្នារវាងគណៈកម្មការ សមាជិក អាជ្ញាធរ មន្រ្តីជំនាញ(ជលផល) ក្នុងការចុះទប់ស្កាត់បទល្មើសនេសាទនានា។
សូមជម្រាបជូនថា សហគមន៍សាទព្រែកត្នោតស្ថិតនៅ ភូមិព្រែកត្នោត សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ។ សហគមន៍នេសាទព្រែកត្នោត ជាសហគមន៍ដែលសម្បូរ ទៅដោយ ធនធានជីវៈចម្រុះ ជាច្រើនប្រភេទ ដែលជាប្រភពប្រាក់ចំណូលដ៏សំខាន់សម្រាប់ប្រជានេសាទ៕

Post a Comment

0 Comments