ប្រជាសហគមន៍នេសាទអូរក្រសារ មានការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាផ្លូវចេញ-ចូល សហគមន៍ ដោយសារតែសហគមន៍នេះមានផ្លូវតែមួយគត់សម្រាប់ធ្វើដំណើរ ខណៈ គម្រោងអភិវឌ្ឍកំពុងសាងសង់នៅក្បែរនោះ។
ក្នុងកិច្ចប្រជុំអន្ដរបណ្ដាញសហគមន៍នេសាទខេត្តកែប និងកំពត កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឆើយ ធិ គណៈកម្មការសហគមន៍នេសាទអូរក្រសារ បានលើកឡើងថា៖ «ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាផ្លូវចេញចូលសហគមន៍ ព្រោះផ្លូវមានតែមួយ ស្របនឹងផ្លូវចូលគម្រោងមួយឈ្មោះថា «ឆ្នេរសមុទ្រកោងកាង» ដែលអាចនឹងប៉ះពាល់ដល់ផ្លូវចូលសហគមន៍»។
ឆ្លៀតក្នុងកិច្ចប្រជុំនេះ តំណាងសហគមន៍នេសាទអូរក្រសារក៏បានសំណូមពរឱ្យមន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ជួយពិនិត្យ និងជួយរៀបចំជួយសហគមន៍ក្នុងករណីគម្រោងបិទផ្លូវសហគមន៍។
សហគមន៍នេសាទអូរក្រសារ ជាសហគមន៍មួយក្នុងចំណោមសហគមន៍ទាំង៤នៅក្នុងខេត្តកែប។ សហគមន៍នេសាទនេះ សម្បូរដោយធនធានជីវចម្រុះ ដែលជាប្រភពចំណូលដ៏សំខាន់របស់ប្រជានេសាទ។

0 Comments