អ៊ុក សុធា វ័យ ២៧ ឆ្នាំ គឺជាយុវទូតសហគមន៍តំបន់ឆ្នេរម្នាក់ ដ៏សកម្ម ដែលតែងតែឆ្លៀតពេលទំនេរពីការប្រកប មុខរបរចិញ្ចឹម មកបម្រើការងារ នៅសហគមន៍នេសាទព្រែកត្នោត។ សហគមន៍នេសាទ ព្រែកត្នោត ដែលស្ថិតនៅ ភូមិ ព្រែកត្នោត សង្កាត់ ព្រែកត្នោត ខេត្ត កំពត។ សុធា បានក្លាយជាយុវទូតតំបន់ឆ្នេរ នៅដើមឆ្នាំ២០២២ ដោយសារតែឆន្ទៈ និងការស្រលាញ់ការងារសង្គម និងដោយយល់ឃើញថា នៅក្នុងសហគមន៏ពុំទាន់មានការផ្សព្វផ្សាយទូលំទូលាយ អំពីសក្ដានុពលរបស់សហគមន៏ និងបញ្ហាប្រឈមទៅកាន់សាធារណជន។ ជាពិសេស សុធា ទទួលបានការគាំទ្រយ៉ាង ពេញទំហឹង និងការលើកទឹកចិត្តពីសំណាក់ក្រុមគ្រួសារ។
យុវទូតសហគមន៍តំបន់ឆ្នេរ គឺជាផ្នែកមួយនៃគម្រោង ធានាសុវត្ថិភាព សិទ្ធិកាន់កាប់ដីធ្លី និងធនធានធម្មជាតិ នៅសហគមន៍នេសាទងាយរងគ្រោះ នៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា ដែលទទួលបានជំនួយឧបត្ថម្ភពីសហភាពអឺរ៉ុប និងកំពុងត្រូវបានអនុវត្ត នៅខេត្តតំបន់ ឆ្នេរចំនួនពីរ គឺខេត្តកំពត និងខេត្តកែប។
សុធា បានកត់សម្គាល់ឃើញមានការប្រែប្រួលជាវិជ្ជមានជាច្រើនបន្ទាប់ពីបានចូលរួមជាមួយគម្រោង រួមមាន៖ ការសរសេរអត្ថបទព័ត៌មាន សម្រាប់បង្ហោះលើបណ្តាញសង្គម អត្ថបទព័ត៌មានបែបស៊ីជម្រៅ ការថតរូប និងថតវីដេអូ ដោយប្រើប្រាស់ទូរស័ព្ទដៃ ការបង្កើត និងការប្រើប្រាស់ប្លុក (Blog) ចំណេះដឹងពីអំពីសុវត្ថិភាពកាន់កាប់ដីធ្លីនៅដំបន់ឆ្នេរ ច្បាប់ភូមិបាល និង ច្បាប់នានា។
អ្វីដែលធ្វើឱ្យសុធា មានមោទកភាពបំផុត តាមរយៈការចូលរួមជាមួយគម្រោងក្នុងរយៈពេលជិត៣ ឆ្នាំនេះ គឺ សុធា ទទួលបានជ័យលាភីលេខមួយ នៅក្នុងងការប្រកួតប្រជែង ខាងផ្នែកសរសេរអត្ថបទព័ត៌មាន ដែលត្រូវរៀបចំឡើង ដោយសហភាពអឺរ៉ុប។
នៅថ្ងៃខាងមុខ សុធា ចង់ឃើញសហគមន៍មានការរីកចម្រើនឈានទៅមុខ លប់បាត់នូវបទល្មើសនេសាទ ក្នុងដែនសហគមន៍ ហើយប្រជាពលរដ្ឋ មានជីវភាពកាន់តែប្រសើរឡើង ហើយកាត់បន្ថយការធ្វើចំណាកស្រុក និងអត្រាបោះបង់ចោលការសិក្សា។
តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ខ្លូន ក្នុងការផ្សព្វផ្សាយពីសក្តានុពលនៃសហគមន៍នេសាទព្រែកត្នោតនៅលើ បណ្តាញ សុធា ចង់ឃើញ សហគមន៍នេសាទទេសចរណ៍ព្រែកត្នោត មានការរីកចម្រើនដូច សហគមន៍ នេសាទទេសចរណ៍ត្រពាំងសង្កែរ ដែរ។ ទន្ទឹមនឹងនេះ យុវជន រូបនេះ នឹងបន្តចូលរួមការពារ និងអភិរក្ស សហគមន៍ព្រែកត្នោត តាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៏ ដែលបានសិក្សាកន្លងមកទៅកាន់ ទៅកាន់សមាជិកសហគមន៏ដើម្បីឲ្យពួកគាត់មានយល់ដឹងកាន់តែច្រើនអំពីអត្ថប្រយោជន៏នៃធនធានជីវចម្រុះ ហើយចូលរួម អភិរក្សធនធានសហគមន៍៕


0 Comments