ព័ត៌មានថ្មីៗ

6/recent/ticker-posts

ពលរដ្ឋនៅសហគមន៍អូរក្រសារ បារម្ភពីការកាយប្រឡាយទឹកសាបចូលទៅក្នុងព្រៃកោងកាង

ប្រជាពលរដ្ឋរស់នៅសហគមន៍ អូរក្រសារ ខេត្តកែប បារម្ភពីសកម្មភាពនៃការកាយប្រឡាយទឹកសាបបង្ហូរចូល ទៅក្នុងព្រៃកោងកាង ដែលស្ថិតនៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។
បើតាមប្រជាពលរដ្ឋនៅក្នុងសហគមន៍ ការកាយប្រឡាយទឹកសាបបង្ហូរចូលព្រៃកោងកាងនេះ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ព្រៃកោងកាង ព្រោះព្រៃកោងកាងជាប្រភេទរុក្ខជាតិមួយប្រភេទ ដែលត្រូវការចរន្តទឹកចេញ ចូល (ទឹកជោរ និងទឹកនាច) ដើម្បីធានានូវការលូតលាស់ធំធាត់បានល្អ។ នៅពេលដែលមានផលប៉ះពាល់ដល់ព្រៃកោងកាង នឹងធ្វើឱ្យផលប៉ះពាល់ដល់ធនធានជីវចម្រុះផ្សេងទៀត ដែលមានក្នុងសមុទ្រ តួយ៉ាង ត្រី ក្តាម បង្គារ មឹក និងធនធានជីវចម្រុះផ្សេងៗទៀត។ 

កាលណាមានការធ្លាក់ចុះ នូវធនធានជីវចម្រុះនៅក្នុងសមុទ្រ នឹងបង្កឱ្យផលប៉ះពាល់ដល់ជីវភាពរបស់នៅ របស់ប្រជាពលរដ្ឋ ជាពិសេស ប្រជានេសាទ ដែលពឹងផ្អែកទាំងស្រុងទៅលើការនេសាទ ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ កាលណាការនេសាទ ធ្លាក់ចុះ នឹងអាចរុញច្រានឱ្យប្រជាពលរដ្ឋធ្វើចំណាកស្រុក ដើម្បីទៅប្រកបរមុខរបរផ្សេងចិញ្ចឹមជីវិត។ សូមបញ្ជាក់ថា សកម្មភាពការកាយប្រឡាយទឹកសាបចូលទៅក្នុងព្រៃកោងកាង គឺជាផ្នែកមួយនៃគម្រោង អភិវឌ្ឍន៍ឆ្នេរ សមុទ្រកោងកាង ដែលត្រូវបានក្រុមហ៊ុនឯកជនមួយ បាននិងកំពុងបោះទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ជាង១០ លានដុល្លារ។ 

បច្ចុប្បន្នក្រុមហ៊ុនដែលបាននិងកំពុង វិនិយោគគម្រោងឆ្នេរសមុទ្រកោងកាងនេះ បានទិញ ទូកកាយ៉ាក់ចំនួន៣០ និងតង់៣០ សម្រាប់សាធារណៈជន ជិះលេងកម្សាន្តដោយឥតគិតថ្លៃ។ យ៉ាងណាមិញ គម្រោងអភិវឌ្ឍន៍ឆ្នេរសមុទ្រកោងកាងនេះ ក៏បានជួយជម្រុញ ជីវភាពរស់នៅមួយផ្នែករបស់ប្រជាពលរដ្ឋនៅតំបន់នោះ តាមរយៈការលក់ម្ហូបអាហារ និងភេសជ្ជៈ ជាដើម។ 

សហគមន៍នេសាទអូរក្រសារ ស្ថិតនៅភូមិអូរក្រសារ ឃុំអូរក្រសារ ខេត្តកែប ដែលមានផ្ទៃដីសរុប ៤៤៦ ហិកតា។ ប្រជាពលរដ្ឋដែលរស់នៅសហគមន៍អូរក្រសារភាគច្រើនប្រកបរបបនេសាទ ដោយប្រើប្រាស់ទូកនិងថ្មើរជើង ឬដាក់មងជាដើម ៕

Post a Comment

0 Comments