ក្រុមហ៊ុន ជីង គ័រ គឺជាក្រុមហ៊ុនមួយដែលមានគម្រោងអភិវឌ្ឍន៍ប៉ះពាល់ទៅដល់សហគមន៍ចំនួនពីរ គឺ សហគមន៍នេសាទត្រពាំងរពៅ ប៉ះពាល់លើផ្ទៃដីចំនួន ៧៧៦ ហិកតា និងសហគមន៍នេសាទព្រែកត្នោត ប៉ះពាល់លើផ្ទៃដីចំនួន ៤១៨ ហិកតា ហើយគម្រោងអភវិឌ្ឍន៍នេះ មានទឹកប្រាក់សរុបដល់ទៅ ១៥០០ លាន ដុល្លារ។
សហគមន៍នេសាទត្រពាំងរពៅ ស្ថិតនៅភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ចំណែកសហគមន៍នេសាទ ព្រែកត្នោត មានទីតាំងស្ថិតនៅ ភូមិព្រែកត្នោត សង្កាត់ព្រែកត្នោត ក្រុងបូកគោ។
ការអភិវឌ្ឍន៍នេះ វាធ្វើឱ្យមានប៉ះពាល់ខ្លាំងដល់សហគមន៍ ទាំងពីរ ដោយសារការចាក់ដីលុបចូលក្នុងសមុទ្រ ធ្វើឱ្យសហគមន៍ប្រឈមនឹងការបាត់បង់ដែននេសាទគ្រប់គ្រង (ដោយសារការចាក់ដីចូលសមុទ្រ) ប៉ះពាល់់ដី ព្រៃកោងកាង និងអាចឈានទៅបាត់បង់ព្រៃកោងកាង ដោយសារកោងកាង ត្រូវការរស់នៅ ដោយមានចរន្តទឹកចេញចូល និងស្រូបយកជីវជាតិសម្រាប់ទ្រទ្រង់ខ្លួនវា។
មិនត្រឹមតែប៉ុណ្ណោះ គម្រោងអភិវឌ្ឍន៍ ប៉ះពាល់ដល់ជីវភាពប្រជានេសាទ ក្នុងតំបន់នោះ ដោយសារបាត់បង់ធម្មជាតិ និងជីវចម្រុះក្នុងសមុទ្រ ដែលធ្វើឱ្យ ពួកគាត់ បាត់បង់ប្រាក់ចំណូល កុមារបាត់បង់ការសិក្សា ចំណាកស្រុក អំពើហិង្សាក្នុងគ្រួសារ។
សម្រាប់បរិស្ថាន គម្រោងនេះ ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី ផែនដីឡើងកម្តៅ មានគ្រោះមហន្តរាយធម្មជាតិ ការបំពុលទឹក ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្សសត្វ និងបាត់បង់ប្រព័ន្ធអាហាររបស់មនុស្ស សត្វ។
ផលប៉ះពាល់ទាំងនេះហើយ ដែលធ្វើឱ្សសហគមន៍ និងប្រជាពលរដ្ឋនៅតំបន់នោះ មានការព្រួយបារម្ភជាខ្លាំង។
គួរបញ្ជាក់ផងដែរថា សហគមន៍ក៏មានការចុះបញ្ជីទទួលស្គាល់ពីក្រសួងកសិកម្ម រុក្ខា ប្រម៉ាញ់ និងនេសាទ កាលពីឆ្នាំ ២០១១ ដែលព្រមព្រៀងប្រគល់ដី សាធារណៈរបស់រដ្ឋ មកឱ្យសហគមន៍គ្រប់គ្រង ប្រើប្រាស់ និងអាស្រ័យផល ស្របតាម ស្មារតីច្បាប់ និងបទដ្ឋានគតិយុត្តិ។
បើទោះបីជា មានការព្រមព្រៀងទាំងនោះទៅហើយក៏ដោយ ក៏ក្រុមហ៊ុននៅតែមានគម្រោងមកអភិវឌ្ឍន៍មកលើ សហគមន៍ទៀត ជាក់ស្តែង កាលពីពេលកន្លងមក គណៈកម្មការសហគមន៍ និងអាជ្ញាធរពាក់ព័ន្ធ ក៏បានពិភាក្សា លើបញ្ហាទាំងនោះ ជាមួយតំណាងក្រុមហ៊ុន ចំនួន២ដង រួចមកហើយ។
នៅអំឡុងកិច្ចប្រជុំ សហគមន៍ បានលើកឡើងពីបញ្ហាប៉ះពាល់ផ្សេងៗ ដែលសហគមន៍នឹងជួបប្រទះ នៅពេលគម្រោងចាប់ផ្តើម ហើយការឆ្លើយតបរបស់ក្រុមហ៊ុន គឺក្រុមហ៊ុន ត្រូវតែអភិវឌ្ឍន៍គម្រោងរបស់ខ្លួន ដោយផ្អែកតាមអភិវឌ្ឍន៍ដើម្បីឱ្យ ប្រទេសមានការរីកចម្រើន និងបង្កើតមុខរបរដល់ប្រជាពលរដ្ឋ។
យ៉ាងណាក៏ដោយនៅពេលនោះ សហគមន៍ មិនយល់ស្រប នឹងការឆ្លើយតបរបស់តំណាងក្រុមហ៊ុននោះទេ។
ក្រោយមកទៀត តំណាងក្រុមហ៊ុន ក៏បានរៀបចំវេទិកាសាធារណៈនៅភូមិត្រពាំងរពៅ ដោយមានការចូលរួមពី អាជ្ញាធរពាក់ព័ន្ធ និងតំណាងសហគមន៍ទាំងពីរ រួមទាំងប្រជាពលរដ្ឋ ដើម្បីបង្ហាញពីដំណើការគម្រោងរបស់ខ្លួន ដែលត្រូវសាងសង់លើផ្ទៃដី ១១៩៤ ហិកតា។
ស្របជាមួយគ្នានេះដែរ ប្រជាពលរដ្ឋដែលចូលរួមក្នុងវេទិកា សាធារណៈ កាលណោះ មិនគាំទ្រដាច់ខាតលើគម្រោងនោះ។
ទន្ទឹមនឹងនេះ សហគមន៍សូមសំណូមពរទៅដល់អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ឱ្យជួយរកដំណោះស្រាយពី ផលប៉ះពាល់ ដែលអាចកើតមានឡើង នៅពេលគម្រោងត្រូវបានអនុវត្ត និងស្នើសុំជំនួយផ្នែកច្បាប់ ពីអង្គការសង្គមស៊ីវិល ដើម្បីជួយរកដំណោះស្រាយ។
សហគមន៍ ក៏ស្នើឱ្យក្រុមហ៊ុន មុននឹងអភិវឌ្ឍន៍ត្រូវសិក្សាស្រាវជ្រាវ ឱ្យដល់មូលដ្ឋាន និងសិក្សាឱ្យបានស៊ីជម្រៅ ពីហេតុប៉ះពាល់ ដែលនឹងកើតឡើងនៅពេលអនុវត្តគម្រោង៕
0 Comments