ព័ត៌មានថ្មីៗ

6/recent/ticker-posts

ប្រជានេសាទនៅព្រែកត្នោត បារម្ភខ្លាចបាត់បង់កន្លែងអាស្រ័យផល ខណៈមានការចាក់ដីលុបព្រៃកោងកាងក្នុងដែនសហគមន៍

កាលពីថ្ងៃទី០៧ខែកក្កដា ឆ្នាំ២០២២ មានបុគ្គលមិនស្គាល់ឈ្មោះ បានធ្វើសកម្មភាពចាក់ដីលុបព្រៃកោងកាង ក្នុងសហគមន៍ព្រែកត្នោត ជិត១ ០០០ម៉ែត្រការ៉េ ប៉ុន្តែត្រូវបានផ្អាកវិញ ក្រោយពីប្រជាពលរដ្ឋតវ៉ាប្រឆាំង។
ប្រជានេសាទនៅសង្កាត់ព្រែកត្នោត បានសម្តែងពីក្តីបារម្ភនៃការបាត់បង់កន្លែងអាស្រ័យផលសម្រាប់ការនេសាទ ខណៈមានសកម្មភាពចាក់ដីលុបព្រៃកោងកាងក្នុងដែនសហគមន៍។ តំណាងសហគមន៍ បានស្នើដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរនៅសង្កាត់ព្រែកត្នោត ចាត់វិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា ដើម្បីកុំឱ្យព្រៃកោងកាង និងដីព្រៃសហគមន៍ព្រែកត្នោត បន្តរងការខូចខាតបន្ថែមទៀត ខណៈប្រជាពលរដ្ឋខំដាំនិងការពារ។ សហគមន៍នេសាទព្រែកត្នោត មានផ្ទៃដីសរុប១ ១៦៨ហិកតា និងបានចុះបញ្ជីទទួលស្គាល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរពាក់ព័ន្ធ នៅឆ្នាំ២០១១។ មាត្រា៩៨ នៃច្បាប់ស្ដីពីជលផល បានចែងថា ការកាប់ឆ្ការ គាស់រាន ឈូសឆាយព្រៃលិចទឹក និងព្រៃកោងកាង ឬហ៊ុមព័ទ្ធកាន់កាប់ព្រៃលិចទឹក និងព្រៃកោងកាង ត្រូវផ្ដន្ទាទោសពី៣ឆ្នាំទៅ៥ឆ្នាំ ហើយវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋឬបំផ្លាញចោល។ ចំណែកមាត្រា១០២ នៃច្បាប់ដដែលនេះ បានបញ្ជាក់ថា បើបទល្មើសនោះប្រព្រឹត្តឡើងដោយអាជ្ញាធរដែនដី មន្ត្រីនគរបាល មន្ត្រីយោធា និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ត្រូវផ្ដន្ទាទោសពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ៥០លានរៀល៕

Post a Comment

0 Comments