ប្រទេសកម្ពុជាជាប្រទេសមួយដែលមានខេត្តសរុបចំនួន២៥ ដែលក្នុងនោះមានចំនួន៤ខេត្ត ដែលជាប់មាត់សមុទ្រគឺខេត្ត ព្រះសីហនុ កោះកុង កែប និងកំពត។ សមុទ្រនៃខេត្តទាំងនោះ សម្បូរទៅដោយធនធានធម្មជាតិដ៏សម្បូរបែបជាច្រើនប្រភេទឥតគណនា។
"កោងកាង" គឺជារុក្ខជាតិម្យ៉ាងដែល ដុះនៅតាមឆ្នេរសមុទ្រ ហើយវាមានតួនាទីយ៉ាងសំខាន់ក្នុងការការពារការហូរច្រោះនៃដី កាត់បន្ថយគ្រោះទឹកជំនន់ ស្រូបយកកាបូនឌីអុកស៊ីតពីបរិយាកាស និងបញ្ចេញអុកស៊ីសែនមកបរិយាកាសវិញផងដែរ។ ម្យ៉ាងវិញទៀត ព្រៃកោងកាងក៏ជាផ្នែកមួយក្នុងការជួយលើកសម្រស់សមុទ្រឱ្យកាន់តែមានភាពទាក់ទាញមួយកម្រិតថែមទៀត បន្ថែមពី នេះវាក៏ជាប្រភពអាហារយ៉ាងសំខាន់សម្រាប់ជីវ:ចម្រុះដែលរស់នៅជុំវិញនោះផងដែរ។ លើសពីនេះ ព្រៃកោងកាង ក៏ជាជម្រកយ៉ាងសំខាន់សម្រាប់ត្រីពងឬកូន ជាកន្លែងរស់នៅរបស់ជីវ:ចម្រុះស្ទើរគ្រប់ប្រភេទ នៅក្នុងសមុទ្រដូចជា÷ ត្រី ក្ដាម បង្គារ បង្កង ងាវ កូនខ្យងជាដើម។
ប៉ុន្តែយើងសាក ស្រមៃទៅមើល បើថ្ងៃណាមួយ គ្មានដើមកោងកាងនៅតាមឆ្នេរសមុទ្រនោះទេ តើនឹងមានអ្វីកើតឡើង? កាលណានៅតាមឆ្នេរសមុទ្រ គ្មានវត្តមាន ព្រៃកោងកាងបន្តទៀតទេ នោះកម្ដៅព្រះអាទិត្យកាន់តែកើនឡើង អាកាសធាតុមានការប្រែប្រួល មានការបាក់ស្រុតដី ពពួកមច្ឆជាតិគ្មានកន្លែងរស់នៅដែលជាហេតុនាំឱ្យគ្មានការបន្តពូជតទៅទៀត។ កាលណានៅក្នុងសមុទ្រគ្មាននូវធនធាន ដែលធ្លាប់មានពីមុន នោះជីវភាពប្រជាជននៅតំបន់នោះក៏មានការប្រែប្រួលផងដែរ ពោលគឺប្រជាពលរដ្ឋ ដែលអាស្រ័យផល ដោយការនេសាទគ្មានប្រាក់ចំណូល ធ្វើឱ្យជីវភាពមានការលំបាក ការធ្វើចំណាកស្រុកនៅតំបន់នោះ ក៏មានការកើនឡើង ពិសេសសេដ្ឋកិច្ចជាតិក៏មានការធ្លាក់ចុះផងដែរ។
ដើម្បីបញ្ចៀស ហានិភ័យទាំងនេះ កើតមានឡើង យើងទាំងអស់គ្នា មិនត្រូវកាប់បំផ្លាញ ឈូសឆាយ ដុត ឬធ្វើសកម្មភាពផ្សេងៗ ដែលប៉ះពាល់ដល់ព្រៃកោងកាងនោះទេ។ ផ្ទុយមកវិញយើងត្រូវចូលរួមថែរក្សាការពាររាល់ធនធានដែលមានស្រាប់ ទប់ស្កាត់រាល់សកម្មភាពទាំងឡាយដែលប៉ះពាល់ ដល់ព្រៃកោងកាង ក៏ដូចជាចូលរួមដាំដើមកោងកាងឡើងវិញទាំងអស់គ្នា៕
0 Comments