សហគមន៍នេសាទអូរក្រសារ ជាសហគមន៍មួយក្នុងចំណោមសហគមន៍ជាច្រើន នៅក្នុងខេត្តកែប ដែលស្ថិតនៅឃុំអូរក្រសារ។ សហគមន៍នេះ មានផ្ទៃដីសរុបចំនួន ៤៤៦ ហិកតា ដែលបានបង្កើតឡើងដំបូង ក្នុងអំឡុងឆ្នាំ២០១០។

សហគមន៍នេសាទអូរក្រសារ ជាតំបន់ដែលមានសក្ដានុពល សម្បូរដោយធនធានធម្មជាតិ ដូចជា ព្រៃកោងកាង ស្មៅសមុទ្រ និងផ្កាថ្ម ដែលទាំងនេះសុទ្ធសឹងជាជម្រកដ៏សំខាន់សម្រាប់  ក្ដាម ត្រី បង្គា ងាវ គ្រែង មឹក និងខ្យងជាដើម។

ទន្ទឹមនឹងភាពសម្បូរបែបនៃសក្ដានុពលធម្មជាតិទាំងនេះហើយ បានជាប្រជាជនក្នុងសហគមន៍ អាចទៅ ប្រកបរបរ ឬទៅរកម្ហូបអាហារផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបានយ៉ាងងាយស្រួល។ ជាមធ្យម ពួកគាត់ចំណាយ ត្រឹមតែ២-៣ម៉ោងប៉ុណ្ណោះ ក្នុងការស្វែងរកធនធានសមុទ្រមកចម្អិនម្ហូបអាហារប្រចាំថ្ងៃ និងយកទៅលក់ បន្ដសម្រាប់ផ្គត់ផ្គង់គ្រួសារ។

ទោះជាមានការអាស្រ័យផលពីសហគមន៍នេសាទយ៉ាងណាក៏ដោយ ក៏ប្រជានេសាទនៅក្នុងសហគម​ន៍ ភាគច្រើន តែងប្រកាន់ខ្ជាប់នូវការនេសាទដោយប្រើឧបករណ៍សាមញ្ញៗដូចជា៖ ម៉ង ឈុជ សន្ទូច លបក្ដាម សំណាញ់ និងចបជីប ដែលមិនមានការគំរាមកំហែងទៅដល់ជីវចម្រុះក្នុងសហគមន៍ឡើយ។